ណូត ដារ៉ូ

ដារ៉ូ បានកើតក្នុងឆ្នាំ១៩៩១ នៅខេត្តកណ្តាល។ ហើយគាត់មិនសូវមានទំនាក់ទំនងក្នុងសិល្បៈខ្មែរនោះទេ រហូតដល់ ឆ្នាំ ២០០៦ដារ៉ូ បានចាប់ផ្តើមរៀនគំនូជាមួយមិត្តភ័ក្តិម្នាក់ ដែលមាន​ជំនាញផ្នែកគូររូបនៅក្នុងអង្គការ អនាគតថ្មី សម្រាប់កុមារ ។ ២ឆ្នាំបន្ទាប់ពីសិក្សា និងស្រាវជ្រាវអំពីគំនូរបានធ្វើឲ្យគាត់ចាប់អារម្មណ៍ទៅលើការបង្កើតផ្ទាំងគំនូរ នៅលើក្រណាត់។ ក្នុងឆ្នាំ២០០៨ ដារ៉ូ បានចូលសិក្សាជំនាញផ្នែកវិចិត្រកម្មក្នុងសាលា មធ្យមវិចិត្រសិល្បៈ ដោយចំណាយរយៈពេលរៀនចំនួន​ ៥​ ឆ្នាំ។ គាត់បានទទួលស្លាកបត្រសិល្បៈក្នុងឆ្នាំ ២០១៤ ផ្នែកវិចិត្រកម្ម នៃសាលាសូនរូប។ ក្នុងឆ្នាំ ២០១៤​ ដដែល​នោះ ដារ៉ូ​ បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងនាមជាសិស្ស អាហារូបករណ៍ផ្នែកវិចិត្រកម្ម។ គាត់សិក្សាផ្នែកនេះបានរយៈពេល ១​ ឆ្នាំ គាត់ក៏ស្នើសុំសាលា ផ្លាស់ប្តូរជំនាញទៅរៀនផ្នែកចម្លាក់វិញ។

ខណៈពេលដែលកំពុងរៀនចម្លាក់ ពេលសាលាមានថ្ងៃឈប់សម្រាក គាត់បានរៀបន្ថែមផ្នែកគំនូរជាមួយគ្រូអង្គការម្នាក់នៅខេត្តតាកែវ។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅថ្ងៃទី ៣០ ខែ​ វិច្ឆិកា ឆ្នាំ ២០១៨ ដោយជោគជ័យក្នុងប្រធានបទ "កំលាំង" ដោយបង្កើតរូបក្បាលដំរីធំមួយដោយប្រើឧបករណ៍ចាស់ៗ ពីគ្រឿងបន្លាស់ម៉ូតូ។ ក្នុងឆ្នាំ ២០១៨ ដដែលនោះគាត់បានចូលរួមពិព៌ណគំនូរលើកទី១ ជាមួយសារមន្ទីរទួលស្លែង។ ក្នុងឆ្នាំ ២០២០ ដារ៉ូ​ បាន​ចូលរួមកម្មវិធីពិព៌ណ Arts of the Greater Mekong Sub-region to Isan to Promote Understanding of ASEAN community ក្នុងឆ្នាំដដែលនោះដារ៉ូបានចូលរួមក្នុងការតាំងពិពណ៌ ដេញថ្លៃមួយទៀតជាមួយក្រុម Community Artist ក្រោមប្រធានបទ “ Nature Around Us “ ដែលបានប្រព្រឹត្តឡើងក្នុងខែតុលានាសណ្ឋាគារ Palace Gate ។ ដារ៉ូបានទទួលការគាំទ្រជាច្រើន ដោយគំនូររបស់គាត់ត្រូវបានអ្នកទស្សនាដេញថ្លៃយកគ្រប់ផ្ទាំង។ ចាប់តាំងពីឆ្នាំ ២០២០ រហូតមកដល់សព្វថ្ងៃនេះ ដារ៉ូ បានអភិវឌ្ឍន៍ខ្លួន និង រៀនសូត្រពីសិល្បៈករ រៀមច្បងល្បីៗឈ្មោះជាច្រើនរូបនៅស្រុកខ្មែរ។ គាត់បានបង្ហាញស្នាដៃជាក្រុមជាមួយ សិល្បៈករក្នុងប្រទេសនិងក្រៅប្រទេសជាច្រើនរូប។ ដារ៉ូ បានបង្ហាញស្នាដៃជាច្រើនពិសេសនៅលើផ្ទាំងជញ្ជាំងធំៗ នៅកន្លែងល្បីៗក្នុងប្រទេសកម្ពុជាមានដូចជា៖ Factory Phnom Penh, លំនៅដ្ឋានឯកអគ្គរដ្ឋទូតអង់គ្លេស ជាដើម។